Tartuffe ជារឿងបែបកំប្លែងនិពន្ធដោយកវីបារាំង Moliere នាឆ្នាំ១៦៦៤។ លោកអ្នកប្រហែលជាឆ្ងល់សំបើមណាស់ថា តើមានហេតុកលិយុគម្តេចម្តាបានជាម៉ាំប្រហុកយករឿងកំប្លែងមកសរសេរក្នុងវឺតប្រេះវឺតមិនប្រេះនេះ?គ្មានអ្វីប្លែកដល់លោកអ្នកត្រូវគិតរហូតចលាចលខួរក្បាលទេ គ្រាន់តែចង់សរសេរចេញនូវអ្វីដែលមានក្នុងចិត្ត!តែប៉ុណ្ណឹង ខិខិខិខិ
លោកអ្នកប្រហែលបានអាន មើល និងឮរឿងដ៏ល្បីល្បាញមួយនេះ។ Tartuffe ជាភាសាបារាំងដាក់ថា ជា impostor ប៉ុន្តែយោងតាមល្ខោនដែលសម្តែង មានតួអង្គហៅ Tartuffe ថា hypocrite ។ពាក្យពីរនេះន័យមិនដូចគ្នាទេ ដែលជាហេតុបណ្តាលឲ្យប្រធានបទនៃការវិភាគតួអង្គ Tartuffe ថាជា impostor or hypocrite ពេញនិយមក្នុងការសសេរតែងសេចក្តីបែបវិភាគ។ទោះជាយ៉ាងណា Tartuffe អាចជាមនុស្សបោកប្រាស់ឬមនុស្សពុតត្បុតអាស្រ័យលើការយល់ឃើញរបស់លោកអ្នក។ ចំណែកខ្ញុំថា បើវិភាគឲ្យល្អិតសុខុមតួអង្គនេះមានគ្រប់ទាំងទ្វេរមិនខ្វះសូម្បីតែមួយចំរៀក។
Tartuffe ជាឈ្មោះតួអង្គតាំងខ្លួនជាអ្នកគោរពសាសនាខ្ជាប់ខ្ជួន ជាជនស្លូតត្រង់ ជាសប្បុរសជនដ៌មហិមានិងជាអ្នកស្អាតស្អំមិនដែលប្រព្រឹត្តិអំពើទុច្ចរិត។ គេត្រូវបានអញ្ជើញមកស្នាក់នៅផ្ទះរបស់សេដ្ឋី orgon ដែលមានសមាជិកច្រើនរហូតដល់ទៅជិត១០នាក់។ ក្នុងចំណោមនោះមានតែលោកសេដ្ឋីនិងម្តាយគាត់ទេដែលជឿ Tartuffe នោះផ្កាប់មុខ បើទោះជា គ្រប់គ្នាប្រឹងពន្យល់បង្ហាញណែនាំយ៉ាងម៉េចក៏អ្នកទាំងពីរនៅតែចិញ្ចឹមចិត្តថា Tartuffe បរិសុទ្ធគ្មានហ្មង រហូតចង់ប្រគេនកូនស្រីខ្ចីល្ហក់របស់ខ្លួនដែលមានគូគាប់ទៅហើយនោះឲ្យទៀតផង។
គ្រប់គ្នាមិនយល់ស្របសោះ ព្រោះគេបានដឹងពីពុតរយជំពូករបស់តួ Tartuffe នេះ។តានោះអាយុច្រើន ញ៉ែប្រពន្ធសេដ្ឋី ហើយពង្វក់orgon រហូតព្រមចែកទ្រព្យមានឈ្មោះផ្លូវការក្នុងបណ្តាំមរតកជំនួសកូនប្រុសបង្កើត។ ពេលដែល orgon ឈ្លោះជាមួយកូនខ្លួនពីរឿង Tartuffe ចង់ក្រសោបយកគ្រប់យ៉ាងនោះ Tartuffe រៀបឫកបែប ទេទេទេខ្ញុំមិនចង់បានទេ តែដៃចេះតែទាញរបស់នោះមកជាប់ខ្លួន។
ចុងក្រោយស្បែកមុខពិតរបស់ Tartuffe ត្រូវបានពន្លាត់(មិនមែនបកទេ ព្រោះមនុស្សបែបនេះមិនងាយទទួលកំហុសបើទោះត្រូវតាមទាន់ជាន់កែងក៏ដោយចុះ) បង្ហាញដល់លោកសេដ្ឋីដែលមោហ៏បាំងដោយជំនឿ តាមរយៈល្បិចថ្ពិនភ្នែកដ៏អស្ចារ្យរបស់់សេដ្ឋីនីដ៏ស្មោះត្រង់និងឈ្លាសវៃ។ ឈុតនោះល្អមើលណាស់លោកអ្នក។
Moliere សសេររឿងនេះកំលុងពេលដែលរឿងសាសនាជាបញ្ហារសើបប៉ះមិនបាននាសតវត្សទី១៧តែអត្ថន័យរឿងវិញវាបានរួមដំណើរជាមួយការវិវត្តន៏សង្គមរហូតដល់ពេលនេះ។ ការបោកប្រាស់ក្តីពុតត្បុតក្តីនៅតែមានវត្តមានគ្រប់ឈុតគ្រប់ឆាកគ្រប់ស្រទាប់វណ្ណៈនៃរាល់សង្គមជាតិ។ បើលោកអ្នកមានពេល សូមលោកអ្នកអាននិងទស្សនារឿងកំប្លែងនេះតាម google or YouTube៕